info@sabay.com

៥ យ៉ាង​​ធ្វើឲ្យ​អ្នក និង​សង្សារ​ចាស់​មិន​​អាច​ក្លាយ​ជា​មិត្ត​បាន​ ក្រោយ​ពេលបែក​គ្នា

  • 2018-01-23 21:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បែក​គ្នា មាន​គូ​ស្នេហ៍​ជា​ច្រើន​បាន​សន្យា​ថា​នឹង​បន្ត​ទំនាក់ទំនង​ដោយ​ការ​សេពគប់​គ្នា​ជា​មិត្តភ័ក្ដិ​វិញ។ អ្នក​ខ្លះ ធ្វើ​បែប​នេះ​ព្រោះ​មិន​ចង់​បាត់បង់​មនុស្ស​ដែល​ធ្លាប់​ស្រឡាញ់ ធ្លាប់​យល់​ចិត្ត ធ្លាប់​ស្គាល់​ច្បាស់ ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​រក​គ្នា​វិញ​។ ប៉ុន្តែ​ទោះ​ជា​ពួកគេ​ប្រឹងប្រែង​មក​សេពគប់​គ្នា​វិញ​ប៉ុណ្ណា​ក៏​ដោយ ក៏​វា​នៅ​តែ​បរាជ័យ ដោយសារ​តែ​ហេតុផល​ទាំង ៥ ខាង​ក្រោម៖

១.វា​ជា​រឿង​ដ៏​ឈឺចាប់

ពេល​ក្លាយ​ជា​មិត្តភ័ក្ដិ អ្នក​មិន​មែន​សិទ្ធិ​ជ្រៀតជ្រែក ឬ​លូក​ដៃ​ក្នុង​ជីវិត​របស់​សង្សារ​ចាស់​បាន​ច្រើន​ដូច​ពី​មុន​ឡើយ។ ពេល​គេ​ណាត់​ជួប​អ្នក​ថ្មី អ្នក​អាច​ត្រឹម​តែ​ចូលរួម​អបអរ​សាទរ​គេ​តែ​ប៉ុណ្ណោះ ហើយ​រឿង​ដែល​រឹត​តែ​ឈឺចាប់​នោះ គឺ​ឃើញ​អ្នក​ថ្មី​ចូល​មក​ជំនួស​កន្លែង និង​ដណ្ដើម​គ្រប់​យ៉ាង​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​អ្នក។

២.នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា

អ្នក​ទាំង​ពីរ​បែក​គ្នា​ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​ចំពោះ​រឿង​ជា​ច្រើន ហើយ​នៅ​ពេល​ដែល​ក្លាយ​​ជា​មិត្ត រឿង​ទាំង​នោះ​ក៏​នៅ​តែ​ជា​បញ្ហា​ដដែល។

៣.មិន​អាច​កាត់​ផ្ដាច់​មនោសញ្ចេតនា

អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើ​រឿង​ស្និទ្ធស្នាល ​ផ្អែមល្ហែម​ជា​ច្រើន​ជាមួយ​គ្នា ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ប្ដូរផ្ដាច់​សន្យា​មិន​ឲ្យ​ហួស​ព្រំដែន​មិត្តភាព​យ៉ាងណា​ក៏​ដោយ ក៏​វា​មិន​អាច​ទៅ​រួច​ក្នុង​រយៈ​ពេល​មួយ​យប់​ដែរ។ អារម្មណ៍​ចង់​ឱប ចង់​​ថើប​ ចង់​កាន់​ដៃ ចង់​នៅ​ក្បែរ​ នឹង​កម្រើក​ឡើង​ដែល​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង​។

៤.អនុស្សាវរីយ៍

អនុស្សាវរីយ៍​ទាំង​ល្អ ទាំង​អាក្រក់​ដែល​អ្នក​ទាំង​ពីរ​បាន​សាង​រួម​គ្នា​ សុទ្ធ​តែ​ជា​ការ​ចងចាំ​មួយ​ដែល​អ្នក​គ្មាន​ថ្ងៃ​បំភ្លេច​បាន។ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក ហើយ​អ្នក​ក៏​មិន​អាច​គេចវេះ​ពី​ការ​ពិត​បាន​ឡើយ។ ពេល​ដែល​ជួប​មុខ​គ្នា អ្នក​ប្រាកដ​ជា​នឹក​ឃើញ​រឿងរ៉ាវ​ចាស់ៗ​ទាំង​នោះ​មក​វិញ ដោយ​មិន​ដឹង​ខ្លួន​។

៥.អ្នក​នៅ​តែ​មាន​ចិត្ត​ស្រឡាញ់

ស្នេហា​អ្នក​ទាំង​ពីរ​ឈាន​ដល់​ផ្លូវ​បំបែក ប្រហែល​ជា​ដោយសារ​តែ​មូលហេតុ​ផ្សេងៗ​មួយ​ចំនួន​ដែល​មិន​អាច​ដោះស្រាយ​ចេញ។ រឿង​ដែល​សំខាន់​គឺ​អ្នក​នៅ​តែ​ស្រឡាញ់​គេ ដូច្នេះ​ទោះ​បី​មាន​ឋានៈ​ត្រឹម​តែ​ជា​មិត្ត​ល្អ អ្នក​នៅ​តែ​រក​វិធី​វិល​ត្រឡប់​វិញ​តាម​តែ​អាច​ទៅ​រួច​​ ទាំង​ដែល​ដឹង​ច្បាស់​ថា វា​គ្មាន​សង្ឃឹម​សោះ​ឡើយ៕

ចុចអាន៖មូលហេតុ​ធ្វើឲ្យ​ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​ថា រាល់ថ្ងៃធុញទ្រាន់​នឹង​សម្ពន្ធភាព​ខ្លួនឯង

ប្រភព៖ kanha   អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី